ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ២៥ឆ្នាំ ខួបនៃភាពរីកចម្រើន និងទំនុកចិត្តកាន់តែរឹងមាំ

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់២៥ឆ្នាំរបស់ខ្លួនជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងអតិថិជនរបស់ខ្លួននៅទូទាំងប្រទេសផងដែរ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ជាពិសេសក្រុមហ៊ុនបានរៀបចំកម្មវិធីប្រម៉ូសិនពិសេស និងអំណោយអនុស្សាវរីយ៍ជាច្រើនទៀតជូនដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនដើម្បីជាការថ្លែងអំណរគុណ សម្រាប់កិច្ចសហការល្អ ក៏ដូចជាការជឿជាក់ គាំទ្ររាល់ផលិតផលមានគុណភាពខ្ពស់របស់ក្រុមហ៊ុនកន្លងមក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចង់សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនអាចឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាងពីរទសវត្សនេះ ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនគ្រប់មជ្ឈដ្ឋាន និងមានដៃគូអាជីវកម្មល្អផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានកកើតឡើងក្នុងឆ្នាំ១៩៩៧ ជាសិប្បកម្មកិនស័ង្កសីលក្ខណៈគ្រួសារ ហើយដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយឈរលើគុណតម្លៃស្នូលទាំងបីរបស់ក្រុមហ៊ុន គឺភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត បានធ្វើអោយក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ក្លាយជាក្រុមហ៊ុនធំជាងគេលំដាប់ថ្នាក់លេខ១ លើវិស័យឧស្សាហកម្មដែកក្នុងប្រទេសកម្ពុជា។ ម៉ាកសញ្ញា ISI ត្រូវបានទទួលស្គាល់ថាជាផលិតផលគុណភាពលេខ១នៅលើទីផ្សារកម្ពុជា។
Authorized Author
ISI STEEL