កម្មវិធីសប្បុរសធម៌ បរិច្ចាគសម្ភារសិក្សា និងស្បៀងអាហារជូនសិស្សខ្វះខាតនៅខេត្តកំពត និងខេត្តកែប

ថ្វីត្បិតតែនេះមិនមែនជាប្រធានបទថ្មី តែទាំងនេះជាសកម្មភាពទើបតែកើតឡើងថ្មីៗ ដែលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបន្តការចូលរួមចំណែកជួយដល់សង្គមជាតិកម្ពុជា ជាពិសេសគឺបានជួយលើកស្ទួយកុមារកំពុងជួបបញ្ហាខ្វះខាតនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត និងខេត្តកែប។ យើងពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលសកម្មភាពទាំងនេះមានការចូលរួម និងគាំទ្រដោយដេប៉ូដៃគូចែកចាយផលិតផលរបស់យើង ហើយថែមទាំងមានដេប៉ូមួយចំនួនបានបរិច្ចាគជាថវិកា សម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាផ្នែកនៃការលើកកម្ពស់ការអប់រំ និងជីវភាពរបស់សិស្សក្នុងតំបន់នោះបន្ថែមទៀត ។ គួររំលឹកផងដែរថាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) មានគុណតម្លៃស្នូលសំខាន់ ៣ គឺ “ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត” ដែលជាមូលដ្ឋានគ្រឹះជួយឲ្យក្រុមហ៊ុនឈរបានរឹងមាំ។ នៅក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) យើងបានចាត់ទុកធនធានមនុស្សជាកត្តាសំខាន់បំផុតនូវរាល់អ្វីគ្រប់យ៉ាង ព្រោះពួកគេជាគ្រឹះនៃភាពជោគជ័យរបស់ក្រុមហ៊ុន។ ដូច្នេះហើយក្រុមហ៊ុនតែងតែជឿជាក់ក្នុងការវិនិយោគលើការពង្រឹងសមត្ថភាពយុវជន និងផ្តល់ក្តីសង្ឃឹមដល់ពួកគេឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីអាចបង្កើតបាននូវគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់ជាប្រយោជន៍ជួយដល់សង្គម។
ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការបរិច្ចាគសម្ភារសិក្សា និងចំណីអាហារជូនដល់អង្គការ សាលារៀន និងមណ្ឌលកុមារកំព្រារចំនួន ៤ កន្លែងផ្សេងៗគ្នា ដោយក្នុងនោះក្រុមហ៊ុនបានបរិច្ចាគទៅកាន់៖
អង្គការជុំគ្រៀល ខេត្តកំពត៖ ផ្តល់ជាសម្ភារសិក្សា និងអាហារសម្រន់ ស្មើនឹងទឹកប្រាក់ចំនួន ៣១៥៩ ដុល្លារ
សាលាបឋមសិក្សា ពោធិវង្ស ខេត្តកំពត៖ ផ្តល់ជាសម្ភារសិក្សា និងអាហារសម្រន់ ស្មើនឹងទឹកប្រាក់ចំនួន ១៣១៣ ដុល្លារ
អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ ខេត្តកំពត៖ ផ្តល់ជាគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ស្មើនឹងទឹកប្រាក់ចំនួន ២៧៤០,៥០ ដុល្លារ
បុរីកុមារ ខេត្តកែប៖ ផ្តល់ជាគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ស្មើនឹងទឹកប្រាក់ចំនួន ១៩៩៤,២៥ ដុល្លារ
ក្រៅពីការបរិច្ចាគនូវគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ក្រុមហ៊ុនក៏បានផ្សារភា្ជប់សកម្មភាពសប្បុរសធម៌នៅតាមកន្លែងទាំងនេះ ដោយការដាំដើមឈើ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងជាសារពញ្ញាក់ស្មារតីប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាព្រៃឈើ ក៏ដូចជាបណ្តុះគំនិតដល់យុវជនជំនាន់ក្រោយឱ្យចេះស្រលាញ់ធម្មជាតិផងដែរ។
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានចាប់កំណើតចេញពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយក្នុងឆ្នាំ១៩៩៧ ប៉ុន្តែដោយការប្រតិបត្តិប្រឹងប្រែងឆ្ពោះទៅមុខឈរលើគុណតម្លៃស្នូល ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ទើបអាចអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា។ ទាំងអស់នេះហើយ ជាអ្វីដែលក្រុមហ៊ុនអាចចូលរួមចំណែកធ្វើដើម្បីប្រទេសជាតិយើង។
Authorized Author
ISI STEEL