ISI STEEL សម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស
ISI STEEL សម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដំបូងគេ និងតែមួយគត់នៅកម្ពុជា ដែលមានសមត្ថភាពផលិតដល់ទៅ ២១ម៉ឺនតោនក្នុងមួយឆ្នាំ។

នេះជាមោទនភាពមួយសម្រាប់ប្រជាជន ក៏ដូចជាជនជាតិខ្មែររបស់យើងដែលអាចកែច្នៃដុំរ៉ូឡូដែក សម្រាប់ផលិតដែកទីបដោយខ្លួនឯង ដែលនេះបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន សក្តានុពល ក៏ដូចជាសមត្ថភាពរបស់កូនខ្មែរយើង។
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនរបស់ខ្មែរយើងដែលមានឈ្មោះថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានប្រារព្ធកម្មវិធីសម្ពោធបើកដំណើរការជាផ្លូវការ រោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដែលមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន អាយ អេស អាយ គ្រុប និងក្រុមហ៊ុនផលិតដែកទីបនៅកម្ពុជា។
ក្នុងកម្មវិធីសម្ពោធនេះដែរ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកឡើងផងដែរពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស នេះថា “ស្របពេលដែលកម្ពុជាកំពុងតែ មានការវិវឌ្ឍទៅមុខយ៉ាងលឿនលើវិស័យសំណង់ ជាពិសេសសំណង់ដែក ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ដែកមានការកើនឡើងជាខ្លាំង ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺថាការសាងសង់ហាក់ប្រព្រឹត្តទៅមិនបានរលូននោះឡើយដោយហេតុថា ផលិតផលពាក់កណ្តាលសម្រេចដែលយកមកផលិតដែកទីបរបស់យើងគឺត្រូវនាំចូលពីបរទេស និងត្រូវចំណាយពេលយូរក្នុងការបញ្ជាទិញ ជាពិសេសស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃបញ្ហា ជំងឺកូវីដ-១៩ ដែលកំពុងតែរីករាយដាលទូទាំងពិភពលោក ដោយយើងត្រូវចំណាយពេលកាន់តែយូរដើម្បីធ្វើការបញ្ជាទិញដើម្បីបំពេញតាមតម្រូវការនៃការប្រើប្រាស់។ ដោយមើលឃើញពីបញ្ហានេះ យើងក៏បានសម្រេចចិត្តសាងសង់រោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ISI នេះឡើង ” លោកបានបន្ថែមទៀតថា “ខ្ញុំមានជំនឿយ៉ាងមុតមាំ ថាការបង្កើតឲ្យមានរោងចក្រកែច្នៃដុំរ៉ូឡូដែកទីប-ស នេះឡើងនឹងជួយសម្រួលយ៉ាងខ្លាំងដល់ក្រុមហ៊ុន និងរោងចក្រផលិតដែកទីបនៅកម្ពុជា ព្រមទាំងកាត់បន្ថយនូវបញ្ហាប្រឈមមួយចំនួនជាពិសេសរយៈពេលនៃការបញ្ជាទិញ ជួយសន្សំសំចៃ ងាយស្រួលដឹកជញ្ជូន និងសេវាកម្មកាន់តែល្អ ក៏ដូចជាអាចបំពេញនូវតម្រូវការនៃការប្រើប្រាស់ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយសារយើងអាចមានសមត្ថភាពផលិតរហូតដល់ ២១ម៉ឺនតោន ក្នុង១ឆ្នាំ”។
សូមបញ្ជាក់ផងដែរថាចង្វាក់ផលិតកម្មកែច្នៃដុំរ៉ូឡូដែក-ស ISI ត្រូវបានផលិតឡើងតាមលក្ខណៈស្តង់ដារ អន្តរជាតិ ដែលផ្តោតយកចិត្តទុកដាក់ខ្ពស់លើគុណភាពជាចម្បង និងឆ្លងកាត់ការពិសោធន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន។
សូមជម្រាបថាដុំរ៉ូឡូដែក-ស ISI ជាផលិតផលរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលក្រុមហ៊ុនបានក៏កើតឡើងតាំាងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។
គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
Authorized Author
ISI STEEL