ទំនួលខុសត្រូវសង្គម30 សីហា 2023

កម្មវិធីប្រគល់អគារសិក្សា និងដាំដើមឈើសាមគ្គី នៅសាលាបឋមសិក្សាប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ

កម្មវិធីប្រគល់អគារសិក្សា និងដាំដើមឈើសាមគ្គី នៅសាលាបឋមសិក្សាប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ

កិច្ចការដ៏សំខាន់មួយដែលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល​ (ISI STEEL) តែងតែធ្វើគឺ​ ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីជំនួយជាច្រើន ក្នុងគោលបំណងជួយដោះស្រាយបញ្ហារបស់សិស្សានុសិស្សនៅតាមតំបន់ខ្វះខាត ដែលជួបផលលំបាកលើការអប់រំ ជាពិសេសគឺកុមារដែលកំពុងមានតម្រូវការខ្ពស់លើការសិក្សា។ ដូចនេះហើយកាលពីថ្ងៃសៅរ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានចូលរួមរៀបចំ “កម្មវិធីប្រគល់អគារសិក្សា” ក្រោមគម្រោងមូលនិធិ ខេ អឹម អេច ដោយបានប្រគល់ជូន សាលាបឋមសិក្សាប្រាសាទ មានទីតាំងស្ថិតនៅ ភូមិប្រាសាទ ឃុំបុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែរសាលាបឋមសិក្សាប្រាសាទនោះ បច្ចុប្បន្នមានសិស្សសរុបចំនួន ១០០ នាក់ ស្រី ៤៥ នាក់ គ្រូបង្រៀនចំនួន ៣ នាក់ និងមានថ្នាក់រៀនចាប់ពីទី ១ ដល់ទី ៦ ។

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដែលមានការចូលរួមដោយ លោកស្រីអភិបាលរងក្រុងសំរោង លោកអគ្គនាយកនៃសម្ពន្ធក្រុមហ៊ុន អាយ អេស អាយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ គណគ្រប់គ្រងសាលា ថ្នាក់ដឹកនាំក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងមូលនិធិ ខេ អឹម អេច អាជ្ញាធរមូលដ្ឋាននៃឃុំបុស្បូវ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

អំណោយដែលបានប្រគល់ជូនទៅសាលាបឋមសិក្សាប្រាសាទ មានដូចជាអគារសិក្សាចំនួន ២ ខ្នង មាន៣ បន្ទប់ បណ្ណាល័យ​​ចំនួន ១ ខ្នង និងឧបករណ៍ក្មេងលេងមួយចំនួន។ នៅក្នុងកម្មវិធីនោះ លោក កាំង ឡេង អគ្គនាយកនៃសម្ពន្ធក្រុមហ៊ុន អាយ អេស អាយ និងជាប្រធានគណៈកម្មការប្រតិបត្តិមូលនិធិ ខេ អឹម អេច បានមានប្រសាសថា សម្ពន្ធក្រុមហ៊ុន អាយ អេស អាយ តែងតែចូលរួមជួយសង្គម តាមរយៈការជួយឧបត្ថម្ភទៅដល់វិស័យសំខាន់ៗដែលមានដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងកីឡា។ នៅថ្ងៃនោះដែរក៏មាននៅកម្មវិធីចែកជូននូវសម្ភារសិក្សាដល់សិស្សានុសិស្ស ព្រមទាំងមានការដាំដើមឈើសាមគ្គី និងបានឧបត្ថម្ភកូនឈើជាច្រើនរយដើមជូនដល់សាលាបឋមសិក្សាចំនួន ៥ ផ្សេងទៀតនៅក្នុងដំបន់នោះផងដែរ ក្រោមគម្រោង “ដើមឈើមួយលានដើម” របស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប។

 សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុម​ហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងភាពជោគជ័យកន្លងមកនេះ ក្រុមហ៊ុនក៏មិនដែលភ្លេចអំពីការទំនួលខុសត្រូវសង្គមនោះទេ ពោលគឺត្រឹមប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទៅដល់សង្គមតាមរយៈរូបភាពផ្សេងៗគ្នា ដូចជាការផ្តល់ប៉ុស្តិ៍យាមសម្រាប់នគរបាលចរាចរណ៍ ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា។ល។ តាមរយៈការបរិច្ចាគទាំងនេះ ក្រុមហ៊ុនជឿជាក់ថានឹងអាចជួយដោះស្រាយបញ្ហារបស់ប្រជាជនបានមួយផ្នែក និងអាចលើកកម្ពស់កម្រិតអប់រំរបស់សិស្សានុសិស្សនៅតាមតំបន់ទាំងនោះផងដែរ។

ISI

Authorized Author

ISI STEEL