ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បន្តផ្តល់ប៉ុស្តិ៍យាមបន្ថែមទៀតដើម្បីលើកកម្ពស់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា

បន្ទាប់ពីបានផ្តល់ប៉ុស្តិ៍យាមចំនួន ១៥ កាលពីឆ្នាំ ២០១៧ កន្លងទៅ និងដោយសង្កេតឃើញថា ប៉ុស្តិ៍យាមសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកទាំងនេះបានផ្តល់នូវភាពងាយស្រួល និងជួយសម្រួលយ៉ាងខ្លាំង ដល់នគរបាលចរាចរណ៍ដែលប្រឹងប្រែងអនុវត្តច្បាប់ និងរួមចំណែកកាត់បន្ថយការលំបាករបស់នគរបាលចរាចរណ៍ ក្នុងការអនុវត្តន៍ និងសម្រួលចរាចរណ៍ជូនដល់ប្រជាជននៅពេលមានអាកាសធាតុក្តៅខ្លាំង ឬមានភ្លៀង ទើបនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានធ្វើពិធីប្រគល់ជូនជាផ្លូវការនូវប៉ុស្តិ៍យាមសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកបន្ថែមទៀតចំនួន ២២ ប៉ុស្តិ៍យាម ដែលស្ថិតនៅតាមបណ្តាវិថីធំៗ ក្នុងរាជធានីភ្នំពេញ ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភប៉ុស្តិ៍យាម ១៣ផ្សេងទៀតដល់នគរបាលចរាចរណ៍ផ្លូវគោកនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជា ខេត្តព្រះសីហនុ សៀមរាប បាត់ដំបង កំពង់ធំ និងកំពង់ស្ពឺ ដែលសរុបមកទល់បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ ៥០ ប៉ុស្តិ៍យាមដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សារ របស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានមានប្រសាសន៍ថា “បន្ទាប់ពីដំណើរការ អាជីវកម្មអស់រយៈពេល ២១ ឆ្នាំមកនេះ អាយ អេស អាយ ស្ទៀល បានបង្កើតកម្មវិធីជួយសង្គមជាច្រើនតាមរយៈ មូលនិធិ ខេ អឹម អេច ដើម្បីផ្តល់ប្រយោជន៍ទៅកាន់សហគមន៍ដែលយើងធ្វើអាជីវកម្មវិញ ហើយការប្រគល់ប៉ុស្តិ៍យាមបន្ថែមសម្រាប់មន្ត្រីប៉ូលីសចរាចរណ៍នេះគឺដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយផ្តល់ជូនមន្ត្រីប៉ូលីសចរាចរណ៍នូវប៉ុស្តិ៍យាម ដែលមានភាពស្រស់ស្អាត រឹងមាំ ជាប់ធន់ ផលិតឡើងពីផលិតផល អាយ អេស អាយ ស្ទៀល (ISI STEEL) និង អាយ អេស អាយ ផាម ISI PALM ។
លោក សែម គន្ធា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក បានលើកឡើងថា “កាលពីមុនមន្ត្រីប៉ូលីស យើងមានការលំបាកខ្លាំងក្នុងការប្រឈមជាមួយនឹងអាកាសធាតុ ជាពិសេសខែភ្លៀងតែម្តង។ ប៉ុស្តិ៍យាមដែលក្រុមហ៊ុនឧបត្ថម្ភនេះ បានជួយសម្រួលយ៉ាងច្រើនដល់មន្ត្រីប៉ូលីសពីបញ្ហាប្រឈមនៃអាកាសធាតុ ជាពិសេសគឺ ភ្លៀង និងកម្តៅថ្ងៃ” ។ “តាមរយៈប៉ុស្តិ៍យាមនេះ បញ្ហាសុខភាព និងភាពហត់នឿយដោយសារកត្តាអាកាសធាតុនឹងត្រូវបានដោះស្រាយ ហើយយើងនឹងអាចផ្តោតអារម្មណ៍ពង្រឹងការអនុវត្តន៍ច្បាប់កាន់តែប្រសើរជាងមុនមួយកម្រិតទៀត” ។
គួរបញ្ជាក់ថា ផលិតផលដែលប្រើសម្រាប់ការសាងសង់ប៉ុស្តិ៍យាមនេះ សុទ្ធតែមានគុណភាពខ្ពស់ និងជាផលិតផលឈានមុខគេនៅកម្ពុជារួមមានផលិតផលរបស់ អាយ អេស អាយ ស្ទៀល ដែលត្រូវបានផលិតក្រោមប្រព័ន្ធគ្រប់គ្រងគុណភាពយ៉ាងតឹងរ៉ឹង សំដៅផ្តល់ជូននូវគុណភាពស្របតាមមាត្រដ្ឋានអន្តរជាតិ និងស័ង្កសី ISI ផាម ដែលជាផលិតផលស័ង្កសីពណ៌ មានគុណភាពខ្ពស់ ត្រូវបានផលិតដោយបច្ចេកទេសទំនើបរបស់ប្រទេសជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមស្តង់ដា ISO 9001:2015។ ប៉ុស្តិ៍យាមនេះក៏បានបំពាក់នូវបន្ទះសូឡាដើម្បីផ្តល់ភាពងាយស្រួលដល់នគរបាលចរាចរណ៍របស់យើងផងដែរ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបានចូលរួមក្នុងសកម្មភាពជួយសង្គម ។ កន្លងមកនេះ តាមរយៈ មូលនិធិ ខេ អឹម អេច (KMH FOUNDATION) ដែលជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ក្រុមហ៊ុន ISI STEEL ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរទៅលើការគាំទ្រយុវជនតាមរយៈការបង្កើតកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ និងការថែទាំសុខភាពសម្រាប់កុមារក្រីក្រជាដើម ។ តាមរយៈ មូលនិធិ ខេ អឹម អេច (KMH FOUNDATION) ក្រុមហ៊ុន ISI STEEL បានចូលរួមប្រគល់ថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ធ្វើដំបូលថ្មី និងពិដានបន្ទប់សម្រាប់សាលា និងកន្លែងអង្គុយរង់ចាំសម្រាប់អ្នកជំងឺនៅអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ផងដែរ ។ នៅឆ្នាំ ២០១៨ នេះក្រុមហ៊ុនក៏បានសង់សាលាមួយខ្នងជូនដល់សិស្សានុសិស្សក្រីក្រនៅតំបន់ដាច់ស្រយាលនៅខេត្តពោធិ៍សាត់ និង ឧបត្ថម្ភផ្ទះមេគង្គដែលជាផលិតផល របស់ក្រុមហ៊ុនសម្រាប់ធ្វើជាបណ្ណាល័យដល់អង្កការ រួមដៃគ្នាដើម្បីក្តីសង្ឃឹម នៅខេត្តកំពង់ស្ពឺ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៌កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ដែលផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលពុម្ព IDECK ផលិតផលស័ង្កសី អាយ អេស អាយ ផាម មាន ស័ង្កសីញូម ស័ង្កសីពណ៌ និង ស័ង្កសីបិទស្នោ PU ។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
Authorized Author
ISI STEEL